ជា សុ​ផល្លា​ ៖ ការ​រកស៊ី​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​និង​ចេះ​មើល​ឱកាស

CHEA Sophalla

ជា សុ​ផល្លា​ ៖ ការ​រកស៊ី​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​និង​ចេះ​មើល​ឱកាស

ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០១៦ ម៉ោង ១២:១៥   (08-01-2016 12:15)

មុន​នឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​មួយ អ្នកជំនួញ​គ្រប់​គ្នា​តែងតែ​គិត​និង​ពិចារណា​យ៉ាង​ល្អិតល្អន់​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ពិសេស​គិត​ទៅ​លើ​មូលធន និង​ធនធាន​ជំនាញ​ៗ ដើម្បី​ឲ្យ​ប្រាកដ​ថា នៅ​ពេល​អាជីវកម្ម​របស់​ខ្លួន​ចាប់​បើក​ដំណើរការ គឺ​ពិតជា​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន និង​ជោគជ័យ​នៅ​លើ​ទីផ្សារ ។​ទោះបី​យ៉ាងណា ក៏​គ្រប់​គ្នា​តែង​មានចិត្ត​តូច​មួយ​ព្រួយបារម្ភ​ពី​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ព្រោះថា​កាលៈទេសៈ​មិន​អាច​មើល​ធ្លុះ​បាន​ឡើយ មាន​ន័យ​ថា ភាព​ជោគជ័យ និង​បរាជ័យ​គឺ​ប្រៀប​ដូច​ស្រមោល​អន្ទោលតាមប្រាណ​ដូច្នោះ​ដែរ​។ ម្យ៉ាងទៀត​ការ​បើក​អាជីវកម្ម​មួយ មិនមែន​នឹកឃើញ​ភ្លាម អនុវត្ត​ភ្លែត​នោះ​ទេ ត្រូវ​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់ ត្រៀម​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ត្រៀម​ប្រឈម​នឹង​ហានិភ័យ ស្គាល់​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​ខ្លួន និង​ដៃគូ ថែម​ទាំង​ចេះ​មើល​ឱកាស ជាដើម ។

ទាក់​ទឹង​នឹង​បញ្ហា​នេះ អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​(Kohbiz)​របស់​កោះសន្ដិភាព បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកស្រី ជា សុ​ផល្លា នាយិកា​ប្រតិបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​Emerald ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ខាង​វិស័យ​អចលនទ្រព្យ ដែល​មានបទពិសោធន៍​ក្នុង​ជំនួញ​ជា​ច្រើន​ឆ្នាំ​ដើម្បី​ចែករំលែក​ពី​តិច​និក ក៏​ដូច​ជា​ផ្ដល់​ចំណេះដឹង​ខ្លះ​ៗ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដូច​ខាងក្រោម ៖

មុន​នឹង​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ តើ​អ្នកស្រី​បាន​ឆ្លងកាត់​នូវ​បទ​ពិសោធន៍​អ្វីខ្លះ​ក្នុង​មុខ​ជំនួញ ?
ទាក់ទង​នឹង​ការងារ​ជាក់ស្តែង ខ្ញុំ​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ជាង​១៥​ឆ្នាំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ​តាំងពី​ឆ្នាំ​២០០០​មក ពេល​រៀន​នៅ​មហាវិទ្យាល័យ ព្រោះតែ​ចង់​ប្រឡូក​ការងារ​ឲ្យ​បាន​លឿន ។ តែ​កាលនោះ យើង​មិន​ទាន់​ចាប់​ជំនាញ​អ្វី​ឲ្យ​បាន​ជាក់លាក់​ទេ តែ​ឃើញ​មិត្តភក្តិ​កំពុង​រៀន​ជាមួយ​គ្នា ពួក​គេ​មានការ​ងារ​ធ្វើ​ហើយ ។ 
នៅ​ពេល​ខ្ញុំ​ចាប់​ដាក់​ពាក្យ​ចូល​ធ្វើការ​ដំបូង ក្នុង​ឆ្នាំ​២០០០ នៅ​ក្រុមហ៊ុន​ធំ​មួយ​របស់​កូរ៉េ​បើក​នៅ​ស្រុក​ខ្មែរ ដែល​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​គណនេយ្យ ហើយ​ការងារ​នេះ​បាន​ធ្វើ​ឲ្យ​យើង​ទទួល​បាន​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​ធ្វើ​របាយការណ៍​គណនេយ្យ ស្តុក និង​បាន​ចំណេះដឹង​ថ្មី​មួយទៀត​លើ​ការ​នាំ​ចូល ព្រោះ​ក្រុមហ៊ុន​កូរ៉េ​នោះ​គាត់​ធ្វើ​អាជីវកម្ម​នាំ​ចូល​គ្រឿងបន្លាស់​រថយន្ត និង​រថយន្ត​ម៉ាក​កូរ៉េ ។

បន្ទាប់​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​របស់​កូរ៉េ​រយៈពេល​៤​ឆ្នាំ​មក ខ្ញុំ​ក៏​បាន​ចូល​បម្រើ​នៅ​ក្រុមហ៊ុន Telecom ដោយសារ​មានការ​ណែនាំ​ពី​មិត្តភក្តិ​មួយ​ចំនួន ។ ពេល​នោះ ខ្ញុំ​ចូល​ធ្វើការ​ក្នុង​តួនាទី​ជា Deputy Finance Manager នៅ​ផ្នែក​គណនេយ្យ​ដដែល គ្រាន់តែ​ប្លែក​ត្រង់​ថា ពី​មុន​ធ្លាប់តែ​លក់​ផលិតផល តែ​ពេល​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ថ្មី គឺ​ធ្វើការ​នៅ​ផ្នែក​សេវាកម្ម​ទូរស័ព្ទ ។

ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​នៅ​កន្លែង​ចាស់​ច្រើន​ឆ្នាំ និង​បូក​រួម​នឹង​ការ​ខិតខំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ថ្មី​ពី​បួន​ទៅ​ប្រាំ​ថែម​ទៀត ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ឲ្យ​ខ្ញុំ​មក​កាន់​ផ្នែក Business Development Manager ដែល​ជួយ​បង្កើត​កញ្ចប់​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន ។ ខ្ញុំ​ធ្វើការ​រហូត​ដល់​ក្លាយទៅជា Cooperate Director ខាង​លក់​នៅ​គម្រោង​ធំ ។ ក្នុង​រយៈពេល​កាន់​តួនាទី​ហ្នឹង ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយម្ចាស់​អគារ និង​មើលឃើញ​ថា តម្រូវការ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់តែ​ខិត​មក​ជិត​គ្នា ថ្វី​ដ្បិតតែ​យើង​គ្មាន​ជំនាញ​ខាង​អចលនទ្រព្យ​មែន ប៉ុន្តែ​យើង​បាន​រៀបចំ​បណ្តាញទូរស័ព្ទ និង​អីុន​ធើ​រ​ណេ​ត​នៅ​ក្នុង​អគារ ។

តើ​កត្តា​សំខាន់​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី​បង្កើត​ក្រុមហ៊ុន Emerald នេះ​ឡើង​នៅ​កម្ពុជា?
ការ​ពិត ការ​បើក​ក្រុមហ៊ុន​នេះ​ឡើង ខ្ញុំ​មាន​គម្រោង​បើក​តាំងពី​ឆ្នាំ​២០១១-២០១២​មក​ម្ល៉េះ តែ​ដោយ​មើលឃើញ​ថា នៅ​ពុំ​ទាន់​ជា​ឱកាស​នោះ ដោយសារ​តែ​អគារ​នៅ​ស្រុក​ខ្មែរ ទីផ្សារ​អគារ​នៅ​មាន​ចំនួន​តិច អីុចឹ​ង​ហើយ​ខ្ញុំ​គិត​ថា មិន​ទាន់​អាច​ធ្វើ​បាន ។ ដូចនេះ ខ្ញុំ​យក​គម្រោង​ដែល​ត្រូវ​បើក​ក្រុមហ៊ុន​នេះ​ទៅ​សិក្សា​បន្ថែម​ទៀត​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ចំណាយពេល​រៀន​តាម​អន​ឡាញ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​មាន​គ្រឹះ​នៅ​ក្នុង​វិស័យ​នេះ​កាន់តែ​រឹង​មាំ​សម្រាប់​ធ្វើ​អាជីវកម្ម ។ ប៉ុន្តែ​កត្តា​ដែល​ជំរុញ​នោះ នៅ​ចុងឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ខ្ញុំ​បាន​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​សាងសង់​អគារ​កាន់តែ​មាន​ច្រើន​ឡើង ដោយ​អគារ​ដែល​មាន​កម្ពស់​ចាប់ពី​៥​ជាន់​ដល់​២០​ជាន់ មាន​ដល់​ជិត​៩០% និង​អគារ​ចាប់ពី​២០​ជាន់ឡើង មាន​ជាង​១០% ។

លើស​ពី​នេះ​ទៀត ខ្ញុំ​ចង់​ចាប់​យក​ឱកាស​ធំ ព្រោះ​កម្ពុជា​បាន​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អីុចឹ​ង​ហើយនឹង​មាន​អ្នក​វិនិយោគ​ពី​ខាងក្រៅ​ចូល​មក​កម្ពុជា នឹង​ធ្វើ​ឲ្យ​មាន​តម្រូវការ​កើនឡើង ហើយ​យើង​ចង់​ឲ្យ​មានឈ្មោះ​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​ជា​អ្នកគ្រប់គ្រង ហើយ​អ្វី​ដែល​យើង​ជឿជាក់​ខ្លាំង​នោះ ដោយសារ​តែ​យើង​មាន​ដៃគូ​នៅ​សិង្ហ​បុរី ព្រោះ​គាត់​ធ្វើការ​លើ​ជំនាញ​នេះ​ជាង​៣០​ឆ្នាំ​មក​ហើយ ។ ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា ថៃ សិង្ហ​បុរី និង​ហុងកុង​មាន​ច្រើន តែ​សម្រាប់​កម្ពុជា នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ហើយ​បើ​នៅ​ថ្ងៃ​ខាង​មុខ កម្ពុជា​មាន​អគារ​ច្រើន វា​អាច​ធ្វើ​ឱ្យ​ជួប​បញ្ហា​ច្រើន ដោយសារ​អត់​មាន​អ្នកគ្រប់គ្រង ។ 

តើ​ក្រុមហ៊ុន  Emerald Plusមាន​បម្រើ និង​ទទួល​សេវាកម្ម​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ផ្តោត​លើ​អតិថិជន​ប្រភេទ​ណាខ្លះ ? 
អតិថិជន​របស់  Emerald Plus មាន​ដូច​ជា ខុន​ដូ អា​ផាត​មិន អគារ​ការិយាល័យ និង​បុរី​ធំ​ៗ ព្រោះ​យើង​ធ្វើការ​គ្រប់គ្រង​អចលនទ្រព្យ គឺ​យើង​មិន​ធ្វើ​ជា​លក្ខណៈ​ទូទៅ​ទេ ។ ហេតុ​អ្វី​បាន​យើង​អត់​ចាប់​យក​ទីផ្សារ​ច្រើន ព្រោះ​យើង​ខ្លាច​ខុស​គោលដៅ​ដែល​ចង់បាន ។ ប៉ុន្តែ​បើ​អគារ​ណា គាត់​មាន​ចំណាប់អារម្មណ៍​មក​លើ​សេវាកម្ម សម្អាត ថែទាំ ដាក់​ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត យើង​អាច​ដាក់​ជូន​បាន គឺ​គាត់​មិនបាច់​រវល់​អ្វី​ទាំងអស់ ព្រោះ​យើង​ជួយ​សម្រួល​ការងារ​ទាំងអស់​ជូន​គាត់ តាំងពី​រក​អ្នក​ជួល ជួយ​ថែទាំ​អគារ និង​អ្នកធ្វើការ​ជាមួយ​អតិថិជន ។​ល​។

ឧទាហរណ៍  Emerald Plus ដេញ​បាន​គម្រោង​អគារ​មួយ ដោយ​ម្ចាស់​អគារ​ពេញចិត្ត​នឹង​ជួល​ខាង​ខ្ញុំ​ឲ្យ​ទៅ​ជួយ​រៀបចំ​រចនាសម្ព័ន្ធ ហើយ​បើជា​ខុន​ដូ​វិញ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភ្ញៀវ​ជួល ឬ​ទិញ ។ ក្រោយ​ពេល​មាន​ភ្ញៀវ​ជួល​អគារ​របស់​គាត់​ហើយ ត្រូវធ្វើ​បែប​ម៉េច​ឲ្យ​ភ្ញៀវ​នោះ​សប្បាយ​ចិត្តនឹង​ស្នាក់​នៅ​ក្នុង​អគារ ហើយ​ការងារ​ដែល​យើង​ត្រូវធ្វើ គឺ​យើង​ដាក់​បុគ្គលិក​ជាន់ខ្ពស់​ចុះ​មក​បុគ្គលិក​ថ្នាក់​ក្រោម ។ យើង​មាន​ប្រព័ន្ធ​អ្នក​ថែទាំ​ទុយោ​ទឹក ភ្លើង មាន​សន្តិសុខ​ការពារ​ប្រចាំ​ថ្ងៃ មាន​បុគ្គលិក​ផ្នែក​ទីផ្សារ​ជួយ​ផ្សព្វផ្សាយ​ពី​អគារ ហើយ​លើស​ពី​នេះ​ទៀត នៅ​រៀង​រាល់​ខែ យើង​ធ្វើ​របាយការណ៍​ជូន​ម្ចាស់​អគារ​ថា ខែ​នេះ​ទទួល​បាន​ភ្ញៀវ​ចំនួន​ប៉ុណ្ណេះ ចំណូល​ប៉ុណ្ណេះ ជាដើម ។

តើ​អ្នកស្រី​មាន​យុទ្ធសាស្ត្រ អ្វីខ្លះ​ដើម្បី​ប្រកួតប្រជែង និង​ដណ្តើម​ចំណែក​ទីផ្សារ​ពី​ដៃគូ បន្ទាប់​ពី​ក្រុមហ៊ុន​បើក​ដំណើរការ​ជា​ផ្លូវការ ?
យុទ្ធសាស្ត្រ​ចម្បង​របស់​យើង​មាន​ដូច​ជា ៖ 
១-​ធ្វើ​ឲ្យ​អតិថិជន​មើលឃើញ​ថា អតិថិជន​មក​រក​យើង គឺ​យើង​មាន​អ្វី​ៗ​ទាំងអស់ មិន​ដូច​ជា​ក្រុមហ៊ុន​ផ្សេង​ទេ ។
២-​ក្រុមការងារ​មានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​នៅ​សិង្ហ​បុរី ដែល​មានបទពិសោធន៍​ជាង​៣០​ឆ្នាំ ។
៣-​ផ្តោត​សំខាន់​ទៅ​លើ​គោលការណ៍​គុណភាព​ជា​ចម្បង ។

ទោះបីជា​ក្រុមហ៊ុន​ទើបតែ​បើក​ក្តី តែ​យើង​ឃើញ​ថា តម្រូវការ​មាន​ច្រើន​នៅ​ពេលធ្វើការ​ណែនាំ​អំពី​ក្រុមហ៊ុន​ទៅ​ម្ចាស់​អគារ​នីមួយ​ៗ ចំ​ពេល​ដែល​ម្ចាស់​អគារ​ត្រូវការ ហើយ​ដើម្បី​ទទួល​បាន​ជោគជ័យ ត្រូវ​តែ​មាន​គោលដៅ​អាជីវកម្ម​ច្បាស់លាស់​, មាន​ធនធានមនុស្ស​គ្រប់គ្រាន់​, សេវាកម្ម​ត្រូវ​មានគុណ​ភាព​ខ្ពស់​, ទទួល​បាន​ព័ត៌មាន​ទីផ្សារ​គ្រប់គ្រាន់​លើ​ផ្នែក​នីមួយ​ៗ និង​ការ​ធ្វើ​អាជីវកម្ម​ប្រកបដោយ​គុណធម៌ ។

តើ​អ្នកស្រី​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​ពេល​បច្ចុប្បន្ន និង​ពេល​ខាង​មុខ​របស់​កម្ពុជា ?
យើង​ឃើញ​ថា ចាប់ពី​ចុងឆ្នាំ​២០១៤​មក​ឃើញ​ថា សន្ទុះ​នៃ​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​ខ្លាំង ទាំង​តម្លៃ​ដី ការ​សាងសង់​អគារ ជា​ពិសេស ខុន​ដូ​កាន់តែ​មាន​ច្រើន ដោយ​មាន​ទាំង​អ្នក​វិ​និ​យោ​ទុន​មក​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ និង​សិង្ហ​បុរី ជាដើម ។ ខ្ញុំ​ជឿ​ថា ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ នឹង​មាន​កាន់តែ​ច្រើន​ថែម​ទៀត ។ បើ​តាម​ព័ត៌មាន​ទីផ្សារ យើង​នឹង​មាន​អគារ​ខ្ពស់​ៗ​ច្រើន និង​អគារ​មួយ​ចំនួន​ក៏​បាន​ប្រកាស​លក់​ជា​បន្តបន្ទាប់​ផង​ដែរ ។ នៅ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​ធានា​ថា វិស័យ​អចលនទ្រព្យ​នឹង​ឡើង​ខ្ពស់ ដោយ​ផ្នែក​កត្តា​ជា​ច្រើន​ដូច​ជា នយោបាយ​ល្អ ហើយ​ការ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ក៏​មាន​ភាព​ងាយស្រួល ។​ល​។

នៅ​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ពេល​មានការ​សាងសង់​ច្រើន វា​ក៏​អាច​ជួប​បញ្ហា​ប្រឈម​ផង​ដែរ ។ យើង​មើលឃើញ​ចំណុច​មួយ ដោយ​អ្នក​វិនិយោគ​កាន់តែ​មាន​ច្រើន ប៉ុន្តែ​ចំនួន​អ្នកទិញ​នៅ​មាន​កំណត់ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​មាន​ដី​ទំនេរ​ច្រើន អីុ​ចឹ​ង​ហើយ​អ្នក​ដែល​រស់នៅ​តាម​ផ្ទះ​វីឡា និង​ផ្ទះល្វែង ពួក​គាត់​នៅ​មិន​ទាន់​មានការ​ផ្លាស់​ប្តូរ​ទស្សនៈ​មក​រស់នៅ​តាម​ខុន​ដូ​បាន​ច្រើន​នៅឡើយ​ទេ ៕

 

Write a Reply or Comment