លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

3

លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

លោកស្រី ជា សុផល្លា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Emerald+ ជាស្ត្រីខ្មែរម្នាក់ក្នុងចំណោមស្ត្រីខ្មែរ ១០ នាក់ផ្សេងទៀត ដែលបានទទួលពាន Outstanding ASEAN Women Entrepreneur Award ពីកម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើកទី ២ ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាមថ្មីៗនេះ។

លោកស្រី ជា សុផល្លា បានប្រាប់ដូច្នេះថា មុននឹងទទួលបានពានរង្វាន់នេះ លោកស្រីនិងបេក្ខជនផ្សេងទៀត បានប្រគល់ឯកសារច្រើនដំណាក់កាល ទាក់ទងនឹងការងារក្រុមហ៊ុន ឯកសារទាក់ទងហិរញ្ញវត្ថុ  សញ្ញាប័ត្រផ្សេង ការងារទាក់ទងសង្គម និងការងារលើកកម្ពស់ស្ត្រីជាដើម។

 

“ដោយសារកម្មវិធីនេះជាកម្មវិធីធំ មានការចូលរួមពីប្រទេសផ្សេងៗក្នុងអាស៊ាន ដូចជាឡាវ សិង្ហបុរីជាដើម ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងមានមោទនភាពខ្លាំងណាស់”។ នេះជាអារម្មណ៍ដែលលោកស្រីប្រាប់មកកាន់ Sabay។

 

លោកស្រីបន្ថែមថា ដើម្បីចូលរួមកម្មវិធី ASEAN WOMEN ENTERPRENEURS FORUM បេក្ខជនត្រូវតែជាស្ត្រី, ជាសមាជិករបស់ សមាគមសហគ្រិនស្ត្រីកម្ពុជាដូចជា CO Master Club, CJCC, YEAC, ITC CEDEP High Value Silk, មានបទពិសោធន៍ដឹកនាំក្រុមហ៊ុនយ៉ាងហោច ៣ ឆ្នាំ, ជាក្រុមហ៊ុនដែលជួយការងារសង្គម និងជាក្រុមហ៊ុនមានគោលនយោបាយលើកស្ទួយស្ត្រីជាដើម។

 

លោក ចាន់ សុផាន់ណា ប្រធានការិយាល័យសមាគមសហគ្រិនស្ត្រីកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី ៤-៥ ខែ មិនា ឆ្នាំ ២០១៦ ដោយមានបេក្ខជនមកពី ១០ ប្រទេសក្នុងតំបន់អាស៊ាន។

 

លោកថ្លែងថា ៖ “ប្រទេសនីមួយៗ មានតំណាងមួយប្រចាំប្រទេសរបស់គេ ដើម្បីជ្រើសបេក្ខជនចូលរួម។ យើងមានសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA)។ មួយប្រទេសមានបេក្ខជនចូលរួម ១០ នាក់ ហើយអ្នកដែលយើងជ្រើសទៅប្រកួតវៀតណាម សុទ្ធតែឆ្លងកាត់ការប្រកួតជម្រុះនៅប្រទេសយើង”។

ទោះបីជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ឱ្យលំអិត ពីការប្រកួតប្រជែងនៅកម្ពុជា និងវៀតណាមទេ។ ប៉ុន្តែបើតាមការការថ្លែងរបស់លោក បេក្ខជនមកពីប្រទេសសមាជិកអាស៊ានទាំង ១០ គឺទទួលបានពាន Outstanding ASEAN Women Entrepreneur Award ដូចគ្នា ដោយមិនមានកម្រិតពានផ្សេងឡើយ។

 

លោកស្រី ជា សុផល្លា ជាស្ត្រីមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យជំនួញ មានក្រុមហ៊ុនផ្ទាល់ខ្លួនចំនួន ៨។ នាយិកាប្រតិបត្តិនៃ ក្រុមហ៊ុនអចលនទ្រព្យ Emerald+ ជាមេដឹកនាំម្នាក់ ដែលជំរុញលើកទឹកចិត្ត បណ្ដុះបណ្ដាល និងសើកស្ទួយបុគ្គលិកស្ត្រីក្នុងវិស័យការងារ ដើម្បីឱ្យពួកគេទទួលបានមុខតំណែងខ្ពស់ក្នុងក្រុមហ៊ុន។ បុគ្គលិក ៧០% ក្នុងក្រុហ៊ុនរបស់លោកស្រីជាស្ត្រី។ មិនតែប៉ុណ្ណោះលោកស្រីតែងយកចិត្តទុកដាក់ ក្នុងការងារជំនួញ សហគមន៍ និងប្រទេសជាតិ តាមរយៈការងារសង្គមផ្សេងៗ៕

 

ក្រៅពីលោកស្រី ជា សុផល្លា កម្ពុជានៅមានស្ត្រីសហគ្រិនឆ្នើម ៩ រូបទៀតគឺ៖

 

១. Ms. San Vannary ក្រុមហ៊ុន Lotus Silk

២. Ms. Ho Phallin ក្រុមហ៊ុន SOPHIYA Travel & Tours

៣. M.s Mong Sothea ក្រុមហ៊ុន M Rubber Plantation

៤. Ms. Sok Hourng ក្រុមហ៊ុន Himawari Apartment Hotel

៥. Ms. NGo Kim ក្រុមហ៊ុន RTR Tour Co., Ltd

៦. Ms. Voeurng Chealy ក្រុមហ៊ុន PTM Travel & Tours Co., Ltd

៧. Ms. Yin Samnag ក្រុមហ៊ុន Angel Trading Co., Ltd

៨. Ms. Nou Socheat ក្រុមហ៊ុន CDAC

៩. Ms. Sok Kunthea ក្រុមហ៊ុន Sky King Travel & Tour